ពួកយើងជានណា?
ទស្សនៈវិស័យ៖ “ ការធ្វើអោយប្រសើរឡើងនូវសុខមាលភាពផ្លូវចិត្តរបស់លោកអ្នក គឺជាកង្វល់
បេសកម្ម៖ ដើម្បីលើកកំពស់សុខមាលភាពផ្លូវចិត្តរបស់អតិថិជននិមួយៗ អោយពួកគេទទួលបានដល់កំរិតខ្ពស់នូវភាពឯករាជ្យ ម្ចាស់ការលើជីវិតរស់នៅប្រចាំថ្ងៃ ចូលរួមសកម្មភាពក្នុងសង្គម ប្រកបដោយភាពឆ្នៃប្រឌិត និងសុវត្ថិភាព។
សំរេចបាននូវបេសកម្មទាំងនេះក្រុមអ្នកជំនាញយើងនឹងផ្តល់អន្តរាគមន៍ដ៏ជាក់លាក់ និងព្យាបាលចិត្តរោគប្រកបដោយគុណភាព ការស្តារសតិបញ្ញា ស្មារតី កាយសម្បទា និងលទ្ធភាពពលកម្ម រួមទាំងការផ្តល់ការអប់រំផ្លូវចិត្ត និងវិធីសាស្ត្រគ្រប់គ្រងអ្នកជម្ងឺផ្លូវចិត្តអោយទៅដល់ក្រុមគ្រួសារ
ទៀតផងដែរ។
ប្រវត្តិន៍របស់ពួកយើង
ចាប់តាំងពីឆ្នាំ២០០៣ មកម្លេ៉ះដោយការមើលឃើញពីមួយថ្ងៃទៅមួយថ្ងៃ កំណើនអតិថិជនមានបញ្ហាផ្លូវចិត្តកើនឡើង ព្រមទាំងមានកង្វះខាតសេវាព្យាបាលផ្លូវចិត្ត មិនថាតែបណ្តាខេត្តនានា សូម្បីតែក្នុងរាជធានីភ្នំពេញក៏ពំុទាន់មានមជ្ឈមណ្ឌល ឬគ្លីនិកផ្លូវចិត្តគ្រប់គ្រាន់ដើម្បីបំរើជូនដល់អតិថិជននៅឡើយ។ ដើម្បីបំពេញបង្គ្រប់ និងចូលរួមលើកកំពស់សុខមាលភាពផ្លូវចិត្តជូនប្រជាជនជាមួយរាជរដ្ឋាភិបាល គំនិតផ្តួចផ្តើមមួយក្នុងការបង្កើតគ្លីនិកផ្លូវចិត្ត ហើយមានឈ្មោះថា “ គ្លីនិកសាន់រ៉ាយ “ ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា គ្រូពេទ្យឯកទេសវិកលវិទ្យា បើិកបំរើសេវាជូនអតិថិជនដែលមានបញ្ហាផ្លូវចិត្ត ឬជម្ងឺផ្លូវចិត្ត។
ស្របពេលជាមួយគ្នានោះដែរក្រុមអ្នកជំនាញមួយក្រុមត្រូវបានបង្កើតឡើងដោយរួមបញ្ចូលទាំងវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាបរទេស-ខ្មែរ អ្នកជំនាញចិត្តវិទ្យា គិលានុបដ្ឋាកឯកទេសវិកលវិទ្យា បុគ្គលិកសង្គម និងអ្នកជំនាញផ្សេងទៀត ។ ពួកគេទាំងអស់មានការសហការណ៌គ្នាយ៉ាងល្អ ក្នុងការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់ ជូនដល់អតិថិជន គ្រប់អាយុ គ្រប់ភេទ និងមិនប្រកាន់ឋានៈ ដើម្បីសំរេចគោលបំណងតែមួយគត់រួមគ្នាលើកកំពស់សុខភាពផ្លូវចិត្ត។ ក្រុមពួកយើងរួមមានជំនាញឯកទេសវិកលវិទ្យា និងបទពិសោធន៍យូរឆ្នាំ ក្នុងការពិគ្រោះ ព្យាបាល វាយតំលៃស្ថានភាពសុខភាពផ្លូវចិត្ត ការផ្តល់ប្រឹក្សា ការព្យាបាលតាមបែបចិត្តសាស្រ្ត ការធ្វើអន្តរាគមន៍លើករណីនីមួយៗ ជាក្រុម និងការអប់រំទៅដល់ក្រុមគ្រួសារ។
ក្រោយពីបានការអនុញ្ញាត្តិ និងទទួលស្គាល់ពីក្រសួងសុខាភិបាលរួចមក គ្លីនិកសាន់រ៉ាយបានចាប់ផ្តើមបើីកអោយដំណេីរការតាំងតែពីពេលនោះមក គឺនៅឆ្នាំ២០០៣។ អតិថិជនភាគច្រើនដែលបានមកទទួលសេវានៅទីនេះមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់សោម ខេត្តតាកែវ ព្រៃវែង ស្វាយរៀង និងមានបណ្តាខេត្តឆ្ងាយៗផ្សេងឯទៀតទូទាំងប្រទេស ដូចជា ខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី និងខេត្តមណ្ឌលគីរីជាដើម។ ក្រៅពីអតិថិជនដែលជាជនជាតិខ្មែរ គ្លីនិកសាន់រា៉យ បានទទួលផងដែរ នូវអតិថិជនជាជនបរទេសដែលលោកអញ្ជើញមកទទួលសេវាពិនិត្យ និងពិគ្រោះព្យាបាល។ គ្លីនិកក៏បានធ្វើសហប្រតិបត្តិការជាមួយដៃគូរអង្គការ នានា ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត ព្រមទាំងស្ថានទូតមួយចំនួនផងដែរ ដូចជា ស្ថានទូតអាមេរិកជា ដើម។ អតិថិជនខ្លះដែលមានបញ្ហា ឬជម្ងឺផ្លូវចិត្តក្នុងកំរិតស្រាល ឬមធ្យមមកទទួលសេវាពិគ្រោះព្យាបាលពីគ្លីនិករួចត្រឡប់ទៅគេហដ្ឋានវិញក្នុងថ្ងៃតែមួយដើម្បីទទួលការថែរទាំបន្តដោយក្រុមគ្រួសារ។ រីឯអតិថិជនខ្លះទៀតមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ មានអាកប្បកិរិយាមិនអាចគ្រប់គ្រងបាន ឃោឃៅ បង្កគ្រោះថ្នាក់ដល់ខ្លួនឯង គ្រួសារ និងអ្នកផ្សេងទៀត ដែលក្នុងករណីនេះពួកគេត្រូវតែសម្រាកព្យាបាលនៅគ្លីនិកមួយរយៈ ក្រោមការតាមដាន នឹងការថែទាំពីក្រុមអ្នកជំនាញរបស់យើង បន្ទាប់មកពួកគាត់តំរូវអោយបន្តការព្យាបាល និងការមើលថែដោយក្រុមគ្រួសារនៅឯគេហដ្ឋាន។ ក្រៅអំពីការព្យាបាលដោយឱសថ គ្លីនិកក៏ផ្តល់ការព្យាបាលតាមផ្នែកចិត្តសាស្រ្តជាលក្ខណៈបុគ្គល ដូចជាការផ្លាស់ប្តូរនៃការគិត កែប្រែអាកប្បកិរិយា ការស្តារសតិបញ្ញា-ស្មារតី-កាយសម្បទា និងការស្តារលទ្ធភាពពលកម្ម ការផ្តល់ប្រឹក្សា និងផ្តល់ សេវាអប់រំផ្លូវចិត្តដល់ក្រុមគ្រួសារដែលមើលថែទាំដល់អ្នកជម្ងឺទាំងនោះ។
ដោយមិនយកកំរៃ គ្លីនិកបានផ្តល់ការអប់រំដល់ក្រុមគ្រួសារជារៀងរាល់សប្តាហ៏ គឺនៅថ្ងៃអង្គារផ្តល់ជូនក្រុមគ្រួសារដែលមានសាច់ញាតិមាន ជម្ងឺថប់អារម្មណ៍ នៅថ្ងៃព្រហស្បតិ៏ផ្តល់ជូនក្រុមគ្រួសារដែលមានសាច់ញាតិមានជម្ងឺធ្លាក់ទឹកចិត្ត និងនៅថ្ងៃសៅរ៍ផ្តល់ជូនក្រុមគ្រួសារដែលមានសាច់ញាតិមានជម្ងឺចិត្តវិកល។ ការទទួលខុសត្រូវលើសមាជិកគ្រួសារណាម្នាក់ដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ គឺជាសភាពតានតឹងចិត្តមួយដ៏ធំធេងណាស់សំរាប់ឪពុកម្តាយ ឬសមាជិកគ្រួសារដ៏ទៃឯទៀត។ ពួកគេនឹងបានស្រាកស្បើយពីភាពតានតឹងនេះប្រសិនបើជាពួកគេយល់ដឹងពីបញ្ហារបស់ជម្ងឺ និងយល់ដឹងពីរបៀបថែទាំសមស្របមួយដល់អ្នកជាទីស្រឡាញ់របស់ពួកគាត់។
សព្វថ្ងៃនេះគ្លីនិកបានផ្តល់ការវាយតំលៃផ្នែកផ្លូវចិត្ត ដូចជាការធ្វើតេស្តបញ្ញា តេស្តសមត្ថភាពការងារ តេស្តឥរិយាបថ ការវាយតំលៃក្មេង និងកុមារមតេយ្យ តេស្តបុគ្គលិកលក្ខណៈដល់កុមារមុននឹងចូលរៀន ឬមុននឹងទទួលយកដោយឪពុកម្តាយចិញ្ចឹម ដល់បុគ្គលិក កម្មករ មុននឹងទទួលបានការងារធ្វើទាំងនៅក្នុងស្រុក និងបរទេស ឬជនជាតិកម្ពុជាសុំសិទ្ធិរស់នៅបរទេស។
ការជួបជាមួយបុគ្គលិក
អ្នកជំនាញរបស់ពួកយើង
១. សាស្ត្រាចារ្យ វេជ្ជបណ្ឌិត បិនវ៉ានជិនប៊ូស
លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស គឺជាអ្នកឯកទេសវិកលវិទ្យា និតិវិកលវិទ្យា និងជាទីប្រឹក្សា បច្ចេកទេស នៃមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រា៉យ។ សាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស លោកបានទទួលសញ្ញាប័ត្រ ជាវេជ្ជបណ្ឌិតពីមហាវិទ្យាល័យអ៊ូត្រិច នាឆ្នាំ១៩៧៨ និងបានទទួលការបណ្តុះបណ្តាលបន្តជាឯកទេសវិកលវិទ្យានៅមជ្ឈមណ្ឌលចិត្តវិកលហ្សុង និងឈីល នាទីក្រុងអាមឺហ្វូត។
នៅឆ្នាំ១៩៨៤ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស ត្រូវបានទទួលស្គាល់ពិតប្រាកដថាជាគ្រូពេទ្យឯកទេសវិកលវិទ្យា និងជាអ្នកព្យាបាលចិត្តសាស្ត្រ ដល់អតិថិជនជាលក្ខណៈបុគ្គល និងជាក្រុម។ លើសពីនេះទៅទៀត លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស គឺជាអ្នកជំនាញការព្យាបាលផ្នែកសហគមន៏ រួមមានការគ្រប់គ្រងករណីជម្ងឺ ជំនួយរកការងារធ្វើ និងផ្ទះសំបែងស្នាក់នៅ ការគាំទ្រដល់ក្រុមគ្រួសារ ការអប់រំ ការព្យាបាលអ្នកញៀននឹងសារធាតុញៀន ការស្តារលទ្ធភាពពលកម្ម និងការគាំទ្រដល់អ្នកជម្ងឺ ដែលមានជម្ងឺផ្លូវចិត្តធ្ងន់ធ្ងរ និងរាុំរ៉ៃ។
បទពិសោធន៍ជាង ២៥ឆ្នាំ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស បានធ្វើការនៅក្នុងប្រទេស ហូឡង់ជាអ្នកឯកទេសចិត្តរោគគ្លីនិក និងជាអ្នកឯកទេសនិតិវិកលវិទ្យា ក្នុងការវាយតំលៃចិត្តរោគឲ្យតុលា ការនៅទីក្រុងអាំស្ទាំដាំ និងអស់រយៈពេល ៥ឆ្នាំ ទៀត(២០០០-២០០៥) លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស បានបំរើការជាមួយអង្គការសហប្រជាជាតិ ក្នុងនាមជាអ្នកឯកទេសនិតិវិកលវិទ្យានៃអតីតតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅសាធារណៈរដ្ឋយូហ្គោស្លាវី នាទីក្រុងហេក។
ក្នុងឆ្នាំ២០១១ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស បានអញ្ជើញមកដល់ប្រទេសកម្ពុជា ហើយក៏បានបម្រើការជាគ្រូពេទ្យឯកទេសវិកលវិទ្យា នៅមន្ទីរពេទ្យសកលវិទ្យាល័យអន្តរជាតិសែនសុខ និងជាសាស្ត្រាចារ្យផ្នែកចិត្តរោគ នៅសកលវិទ្យាល័យអន្តរជាតិ។ ស្របពេលជានោះដែរ លោកសាស្ត្រាចារ្យ, វេជ្ជបណ្ឌិត បិនវា៉នជិនប៊ូស ក៏បានសហការណ៍នឹងមន្ទីរសម្រាកព្យាបាលផ្លូវចិត្តសាន់រា៉យ ក្នុងនាមជាទីប្រឹក្សាបច្ចេកទេស និងជាគ្រូពេទ្យឯកទេសវិកលវិទ្យា។ អតិថិជនដែលលោកបានទទួលពិគ្រោះ និងធ្វើការព្យាបាលរួមមានទាំងជនជាតិខ្មែរ និងជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២. សាស្រ្តាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា ជាស្ថាបនិក និងជានាយក នៃមន្ទីរសំរាកព្យាបាលផ្លូវចិត្ត សាន់រ៉ាយ។ លោកបានទទួលសញ្ញាប័ត្រជាវេជ្ជបណ្ឌិត ពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាឆ្នាំ១៩៩៣ និងបានទទួលសញ្ញាប័ត្រជាឯកទេសវិកលវិទ្យា ពីសកលវិទ្យាល័យអូស្លូ នៃប្រទេសន័រវេស នាឆ្នាំ២០០០។
នាឆ្នាំ ២០០១ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា បានអញ្ជើញទៅបំពេញកម្មសិក្សានៅប្រទេសហ្វីលីពីន ក្នុងមន្ទីរពេទ្យជាតិ នាទីក្រុងមានីល ក្នុងជំនាញគ្រប់គ្រងអ្នកជម្ងឺផ្លូវចិត្តសម្រាកពេទ្យ។ នាឆ្នាំ ២០០៩ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា ត្រូវបានអញ្ជើញដោយអង្គកាសុខភាពពិភពលោកប្រចាំតំបន់ដើម្បីធ្វើកម្មសិក្សានៅប្រទេសកូរេ៉ខាងត្បូង ក្នុងមន្ទីរពេទ្យផ្លូវចិត្តយុ៉ងហ្គីង ទៅលើជំនាញព្យាបាលជម្ងឺផ្លូវចិត្ត ដោយគំរូបែបបទសហគមន៍ និងក្នុងជំនាញគ្រប់គ្រងអ្នកជម្ងឺផ្លូវចិត្តសម្រាកពេទ្យផងដែរ។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា បាននឹងកំពុងបំរើការក្នុងផ្នែកពិគ្រោះជម្ងឺផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយលោកមានតួនាទីជានាយផ្នែករង និងអ្នកជំនាញឯកទេសវិកលវិទ្យា។ ក្នុងរយៈពេលមួយខែៗ លោកបានផ្តល់ការព្យាបាលដល់អ្នកជម្ងឺផ្លូវចិត្តរាប់រយនាក់ដែលអញ្ជើញមកពីគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីភារកិច្ចជាគ្រូពេទ្យជំនាញក្នុងការពិគ្រោះ និងព្យាបាលជម្ងឺផ្លូវចិត្ត នៅ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិតក៏ជាសាស្រ្តាចារ្យមួយរូបផងដែរ ដែលទទួលខុសត្រូវលើមុខវិជ្ជាផ្នែកផ្លូវចិត្តនៃសកលវិទ្យាល័យអន្តរជាតិ។
លើសពីនេះ លោកបានចូលរួមសហការណ៍ជាមួយនឹងកម្មវិធីជាតិសុខភាពផ្លូវចិត្ត និងអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយលោកមានភារកិច្ចសំខាន់មួយផ្សេងទៀត គឺជាគ្រូបង្គោល។ លោកបាននឹងកំពុងផ្តល់ការបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត និងគ្រឿងញៀន ដល់មន្រ្តីសុខាភិបាល ព្រមទាំងមន្រ្តីប៉ូលីលដែលកំពុងបំរើការជាមន្ត្រីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ទូទាំង ២៤ ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជា។
រហូតមកដល់សព្វថ្ងៃនេះ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត យឹម សុបុត្រា បាននឹងកំពុងបំរេីការលេីផ្នែកជម្ងឺផ្លូវចិត្ត និងគ្រឿងញៀនទាំងក្នុងគ្រិះស្ថានរដ្ឋ និងឯកជន អស់រយៈពេលជាង ១០ឆ្នាំ រួចមកហើយ។
៣. វេជ្ជបណ្ឌិត ឡោ វណ្ណថារី
លោកវេជ្ជបណ្ឌិត ឡោ វណ្ណថារី ជាអ្នកជំនាញឯកទេសសុខភាពផ្លូវចិត្តកុមារ និងអនុបណ្ឌិតសុខភាពសាធារណៈ។ លោកបានទទួលសញ្ញាប័ត្រ វេជ្ជបណ្ឌិតពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខភាព នាឆ្នាំ១៩៩៣ និងឌីប្លូមឯកទេសចិត្តរោគកុមារ ពីវិទ្យាស្ថានជាតិផ្នែកប្រពន្ធ័ប្រសាទ និងសុខភាពផ្លូវចិត្តនៃ ប្រទេសឥណ្ឌា។លោកវេជ្ជបណ្ឌិត វណ្ណថារី ក្នុងតួនាទីជាប្រធានផ្នែកមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ បានព្យាបាលកុមារ និងក្មេងជំទង់ប្រមាណជា១០០នាក់ ជារៀងរាល់សប្តាហ៍អស់រយៈពេល៦ឆ្នាំ។ អ្នកជម្ងឺ ទាំងនោះភាគច្រើនមានបញ្ហានៃការរីកលូតលាស់ ប្រពន្ធ័ប្រសាទ និងចិត្តរោគ។ ក្រោយមក វេជ្ជបណ្ឌិត វណ្ណថារី បានចំណាយពេល ៣ឆ្នាំ ទៀតក្នុងការពិនិត្យជម្ងឺផ្លូវចិត្តនៅតាមសហគមន៏ និងតាមបណ្តាអង្គការមួយចំនួននៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ វេជ្ជបណ្ឌិត វណ្ណថារី ក៏បានទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកសុខភាពសាធារណៈពីមហាវិទ្យាល័យរីកស៊ូមីខាន់ អាស៊ីប៉ាស៊ីហ្វិក ប្រទេសជប៉ុន និងកំពុងកាន់គំរោងជាច្រើនទាក់ទងជាមួយបញ្ហាសុខភាពសាធារណៈនៅក្នុងប្រទេសកម្ពុជា។
៤. វេជ្ជបណ្ឌិត ស៊ីម ទន់
លោកវេជ្ជបណ្ឌិត សីុម ទន់ ជាអ្នកជំនាញឯកទេសប្រពន្ធ័ប្រសាទ លោកបានទទួលសញ្ញាប័ត្រជាវេជ្ជបណ្ឌិត ពីសកលវិទ្យាល័យវិទ្យាសាស្ត្រសុខភាព កាលពីឆ្នាំ១៩៩២ ហើយបានបំរើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងតួនាទីជាប្រធានផ្នែកប្រពន្ធ័ប្រសាទ តាំងពីពេលនោះមក។ វេជ្ជបណ្ឌិត សីុម ទន់ បានបំរើការនៅក្នុងមន្ទីរសំរាកព្យាបាលផ្លូវចិត្តសាន់រ៉ាយ ហើយបានផ្តល់ការពិគ្រោះ និងព្យាបាលជម្ងឺផ្លូវចិត្ត ព្រមទាំងជម្ងឺសសៃរប្រសាទ អស់រយៈពេលប្រមាណ១០ឆ្នាំមកហើយ។
យោបលអ្នកជម្ងឺអំពីយើង
this page